ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១៖​ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមាន ការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata តាមរយៈមូលនិធិការកសាងសមត្ថភាព ​និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិស.អ.) បានប្រកាសពីការបើកទទួលពាក្យ​ចុះឈ្មោះប្រកួតប្រជែងស្នាដៃ ច្នៃប្រឌិតឌីជីថល ក្នុងកម្មវិធី ពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២១ (CICTA21) ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

តើអ្វីទៅជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា?

កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards ហៅកាត់ថា CICTA) គឺជាកម្មវិធី ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព៌ត័មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥។ កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្ម ឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជាតាមរយៈ ការផ្តល់ ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖

 • ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 • ការលើកទឹកចិត្ត (Motivation)៖​ ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
 • ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ធុរកិច្ច និងរវាងប្រជាជន​ដែលរស់នៅតាមបណ្តាខេត្ត និងក្នុងទីក្រុងដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
 • ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទិ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជា​ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​ បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ថ្នាក់តំបន់ និងសកល។

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖

 • សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល សម្រាប់ជាមធ្យោបាយ​ក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ​ និង ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។
 • ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន​ ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាសរបស់ខ្លួនឱ្យកាន់តែ ល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ។
 • បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន​ ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
 • មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅ រដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្តល់ នូវចំណេះដឹង​ ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
 • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន​ ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ​ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។​​
 • ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់​ធុរកិច្ចថ្មីឌីជីថលដែលមាន អាយុមិនលើសពី ៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថលត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។

បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ជាក់ថា៖ “តាមរយៈកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ក្រុមហ៊ុន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ និងធុរកិច្ចថ្មីឌីជីថល ដែលបង្កើតស្នាដៃនិងសមិទ្ធិផលបច្ចេកវិទ្យាឌីជីថល នឹងទទួលបានការទទួលស្គាល់កម្រិត ថ្នាក់ជាតិ ដែលនឹងក្លាយជាកត្តាជំរុញយ៉ាងសំខាន់ដល់យុវជនកម្ពុជា ក្នុងការចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ការសិក្សាស្រាវជ្រាវ និងបង្កើតនូវសេវា ឬផលិតផលឌីជីថល ជាមួយគំនិតនវានុវត្តន៍ថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថល និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។”

កម្មវិធី CICTA21 ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata ដោយប្រើប្រាស់ថវិកា មូលនិធិស.អ. ក្នុងការកសាងធនធានសមត្ថភាពលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍។  ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ ឬធុរកិច្ចថ្មីឌីជីថល នឹងទទួលបាន ទឹកប្រាក់ចំនួន ២,០០០ ដុល្លារសម្រាប់ពានរង្វាន់នីមួយៗពីកម្មវិធី។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានថ្លែងថានៅក្រុមហ៊ុន ស្មាត ពួកយើងធ្វើការភ្ជាប់ ទំនាក់ទំនងរបស់អតិថិជន និងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាទូរគមនាគមន៍។ ក្នុងនាមជា ក្រុមហ៊ុន ជម្រុញបច្ចេកវិទ្យាឌីជីថល ពួកយើងទទឹងរង់ចាំមើល នូវពាក្យចូលរួមក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ដែលបានបង្ហាញថាពិតជាមានប្រសិទ្ធិភាពនិងបង្កើតឥទិ្ធពលដល់ប្រទេសជាតិ ជាពិសេសកំឡុងការជួប ប្រទះវិបត្តិកូវីដ១៩បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការពុះពារឆ្លងកាត់ការរាតត្បាតនេះកន្លងមក។ វាបាន ផ្លាស់ប្ដូរការរស់នៅ របស់ប្រជាជន ហើយសម្រួលផលលំបាកដែលយើងកំពុងជួបប្រទះ ដូច្នេះហើយបច្ចេកវិទ្យាជាគន្លឹះសំខាន់ ណាស់ ដែលពួកយើងបានគាំទ្រ និងវិនិយោគលើបច្ចេកវិទ្យា​ និងការឆ្នៃប្រឌិតជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុង ប្រទេសផងដែរ។”

តើនរណាខ្លះអាចចូលរួមបាន?

លក្ខខណ្ឌនៃការចូលរួម៖

 • ជាក្រសួង-ស្ថាប័នរដ្ឋ​ ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា​
 • ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង​ព្រះរាជាណាចក្រកម្ពុជា
 • ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ​ដោយក្រុមហ៊ុនឬស្ថាប័ន​សាមី​ផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា
 • សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
 • ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងកម្មវិធីនេះបានឡើយ

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹងលក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួម​ ប្រកួតប្រជែងកម្មវិធី CICTA21 ​អាចដាក់ពាក្យ តាមរយៈ តំណរ៖  https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។​ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093-316-781​ ឬអ៊ីមែល : pr@cadt.edu.kh