ភ្នំពេញ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២– បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងសាកលវិទ្យាល័យ California, Berkeley បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ តាមរយៈការទទួលស្គាល់នូវតម្លៃផ្លាស់ប្តូរ នៃផ្នែកអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ ដែលគាំទ្រដល់ការអភិវឌ្ឍន៍ និងសកម្មភាពសម្រាប់គម្រោង 5 ឆ្នាំរបស់ USAID Digital Future Cambodia។

CADT & UCB TO WORK TOGETHER ON USAID DIGITAL FUTURE CAMBODIA PROJECT
CADT & UCB TO WORK TOGETHER ON USAID DIGITAL FUTURE CAMBODIA PROJECT

ពិធីដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលនវានុវត្តន៍ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនចាប់តាំងពីថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ និងសាធារណជនប្រមាណជា ៣០០នាក់។

ការចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលកម្មវិធី CODE-C សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ដែលកម្មវិធីប្រព្រឹត្តទៅក្នុងកំឡុងពេលអ្នកដឹកនាំអាជីវកម្មនៃឧស្សាហកម្មនានា សហគ្រិន និងអ្នកតំណាងរដ្ឋាភិបាល មកជួបជំុគ្នាបើកការពិភាក្សាជាក្រុម សិក្ខាសាលា និងវគ្គ Masterclass ជូនដល់មហាជន ។

លោក ប៉ែន ចាន់ដា ប្រធានផ្នែកអភិវឌ្ឍន៍ នៃ USAID Digital Workforce Development បាន ថ្លែងក្នុងសុន្ទរកថារបស់លោកថា “យើងពិតជាមានការរីករាយខ្លាំងណាស់ ក្នុងការសហការ ជាមួយនឹងសាលាជំនាញដូចជា CADT ដើម្បីធ្វើការពង្រឹង និងលើកកម្ពស់សមត្ថភាព និងគុណភាព នៃកម្មវិធីសិក្សាដែលផ្តោតលើជំនាញ ICT និងឌីជីថល តាមរយៈគម្រោង USAID Digital Future Cambodia។ យើងបង្កើតគម្រោងនេះក្នុងឆន្ទៈ ដើម្បីផ្តល់ធនធាន តាមរយៈកម្មវិធីនានាដូចជា អាហារូបករណ៍ កម្មសិក្សា សិក្ខាសាលា និងបណ្តាញទំនាក់ទំនងដើម្បីគាំទ្រដល់ការកសាង ជំនាញជាក់ស្តែង រួមនឹងផ្សារភ្ជាប់ទៅនឹងឱកាសការងារសម្រាប់យុវជនកម្ពុជា។ យើង​ជឿ​ជាក់​ថា វា​នឹង​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ឌីជីថល និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា»។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាចំណែកក្នុងការ ពង្រឹងវគ្គបណ្តុះបណ្តាលដល់ជំនាញICT គោលដៅ វគ្គសិក្សាខ្លី ទាំងមិនមែនសញ្ញាបត្រ និងកម្មវិធីសញ្ញាបត្រដែលផ្តល់ដោយ CADT ហើយក៏ជាការបំប៉នដល់សមត្ថភាពរបស់ CADT ក្នុងការបំពេញតម្រូវការតាមស្តង់ដារទទួលស្គាល់ផងដែរ។

លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានថ្លែង ក្នុងសុន្ទរកថាស្វាគមន៍ថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យចង់ចាំមួយទៀតសម្រាប់ CADT ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធជាមួយសាកលវិទ្យាល័យ California, Berkeley ។ ដោយសារ ពួកយើងកំពុងធ្វើការដើម្បីលើកកម្ពស់នូវធនធានទេពកោសល្យឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់យើងគឺផ្តល់នូវកម្មវិធីស្តង់ដារដែលរួមបញ្ចូលគ្នានូវ កម្មវិធីសិក្សាសំខាន់ៗ ដូចជាឱកាសអាហារូបករណ៍ កម្មវិធីគាំទ្រ និងឧបករណ៍បច្ចេកទេស ដើម្បីធ្វើឱ្យប្រាកដថាសិស្សរបស់យើងត្រូវបានហ្វឹកហាត់យ៉ាងល្អជាមួយនឹងចំណេះដឹងជំនាញឌីជីថល
ទាំងក្នុងទ្រឹស្តី និងការអនុវត្ត។ តាមរយៈគម្រោង USAID Digital Workforce Development ធនធានទាំងនេះនឹងត្រូវបានបំពេញ ហើយយុវជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពី កម្មវិធីដែលយើងបានរៀបចំឡើង។ “

ជាក់ស្តែង សកម្មភាពជាច្រើនត្រូវបានចាប់ផ្តើមដោយអង្គភាពរទាំងពីរ ដូចជាការផ្លាស់ប្តូរ សមាជិកមហាវិទ្យាល័យទៅកាន់សាកលវិទ្យាល័យ California, Berkeley ដើម្បីសិក្សាពីក្របខណ្ឌនៃការអប់រំ និងប្រព័ន្ធអេកូឌីជីថល ក៍ដូចជាផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងបុគ្គលិកមហាវិទ្យាល័យ។ ដូចគ្នានេះផងដែរ ពួកគេក៍គ្រោងនឹងអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល សម្រាប់សិស្សានុសិស្សទូទៅ នៅតាមជនបទ។

Keep in touch: