ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣ (Cambodia Digital Awards – CDA23) ជាពានរង្វាន់ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់នវានុវត្តន៍ ការច្នៃប្រឌិត និងសហគ្រិនភាពឌីជីថលនៅកម្ពុជា ឆ្លើយតបទៅនឹងនិន្នាការសកល នៃការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល និង ពន្លឿនបរិវត្តកម្មឌីជីថល និងនវានុវត្តន៍។ នេះជា ឆ្នាំទី ៩ នៃការប្រកួតប្រជែងស្នាដៃនវានុវត្តន៍ឌីជីថលថ្នាក់ជាតិ ដែលបានរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ការសហការ ឧបត្ថម្ភដោយ ក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Huawei។

ពានរង្វាន់ឌីជីថលកម្ពុជា បើកឱកាសយ៉ាងទូលំទូលាយ សម្រាប់សហគ្រាស ក្រុមហ៊ុន ធុរកិច្ចថ្មីឌីជីថល សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និង អង្គការក្រៅរដ្ឋាភិបាល អាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួម លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល នៅកម្ពុជាតាមរយៈ ការផ្តល់ពានរង្វាន់ ដល់ស្ថាប័ន និងសហគ្រិននូវ៖

  • ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នសាធារណៈ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានាក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។
  • ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលក្នុងស្រទាប់ សាធារណជន។
  • ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃសមិទិ្ធផល ជោគជ័យនានាអំពី នវានុវត្តន៍ឌីជីថលជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជាក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថល ថ្នាក់តំបន់ និងសកល។

ពានរង្វាន់ឌីជីថលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៤០,០០០,០០០រៀល ដល់ជ័យលាភីល្អបំផុត ប្រចាំឆ្នាំ នៃ ប្រភេទពានរង្វាន់ ចំនួន ៥ ប្រភេទ៖

  • ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្ម ឬសហគ្រាសរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្ម ថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ។
  • បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែក អភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម។
  • មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែក លើកកម្ពស់ការផ្តល់នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន ដែលមានស្នាដៃក្នុងការងារ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។
  • រដ្ឋមន្រ្តីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ធុរកិច្ចថ្មីឌីជីថល ដែលមានអាយុមិនលើសពី៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថល ត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើត សមិទ្ធិផលថ្មី ជាមួយគំនិត នវានុវត្តន៍ថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

តើស្ថាប័ន-ក្រុមហ៊ុនណាខ្លះអាចចូលរួមបាន និងលក្ខខណ្ឌនៃការចូលរួម៖

  • ជាសហគ្រាស ក្រុមហ៊ុន ធុរកិច្ចឌីជីធល គ្រឹះស្ថានស្រាវជ្រាវ ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
  • ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ ធនធានយ៉ាងហោចណាស់ ៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
  • ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងកម្មវិធីនេះបានឡើយ

សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹង លក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួមប្រកួតប្រជែងកម្មវិធី CDA23 អាចចូលរួមដាក់ពាក្យ តាមរយៈតំណរ៖ www.cadt.edu.kh/events/cda-2023/។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោក បេ ចន្ត្រា

លេខទូរស័ព្ទ៖ +855 12 316 781

អ៊ីមែល៖ chantra.be@cadt.edu.kh

Keep In Touch: