រាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០២១៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំ សន្និសិទស្រាវជ្រាវប្រចាំឆ្នាំថ្នាក់តំបន់លើកទី៥ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសា នៃបណ្តា ប្រទេសអាស៊ាន ចំនួនពីរថ្ងៃ ដែលបានប្រព្រឹត្តឡើងនៅអគារនុវានុវត្តន៍ និងតាមរយៈប្រព័ន្ធអនឡាញ។ សន្និសិទស្រាវជ្រាវនេះមានការចូលរួមពីវាគ្មិន ដែលបានធ្វើការងារ ស្រាវជ្រាវលើបច្ចេកវិទ្យាភាសា មកពីប្រទេសចំនួន ៥ គឺ បារាំង ជប៉ុន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ដោយក្នុងនោះក៍មានសាស្រ្តាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យនានានៅក្នុងប្រទេសផងដែរ។

សម្រាប់ឆ្នាំនេះ កម្មវិធីបានទទួល នូវអត្ថបទស្រាវជ្រាវ ចំនួន ៥ និងមានការធ្វើបទបង្ហាញពីវាគ្មិនចំនួន ១០ រូបមកពីប្រទេសចំនួន ៥ គឺ បារាំង ជប៉ុន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ព្រមទាំងសំណាក់សាស្ត្រាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវ ដែលជាអ្នកចូលរួមមកពី សកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានស្រាវជ្រាវ នៅកម្ពុជា តាមរយៈ Zoom និង Facebook សរុបប្រមាណ២០០នាក់។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងថា “ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យើងបានរៀបចំសិក្ខាសាលា ស្រាវជ្រាវថ្នាក់តំបន់ ទាក់ទងនឹងបច្ចេកវិទ្យាភាសានេះ ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ ខ្ញុំគិតថា ការរៀបចំសិក្ខាសាលានេះបាន ផ្ដល់ឱកាសដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកស្រាវជ្រាវអន្តរជាតិ ក៏ដូចអាចអោយគាត់បង្ហាញ និងបោះពុម្ពស្នាដៃស្រាវជ្រាវរបស់ខ្លួន លើ ប្រធានបទ ទាក់ទងនឹងវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗជម្រុញដល់ ការប្រើប្រាស់ភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ។”

សន្និសិទដែលប្រព្រឹត្តទៅ ពីរថ្ងៃនេះ គឺមានប្រធានបទ ១៥ ប្រភេទ ផ្សេងៗគ្នា ក្នុងនោះមានរួមមាន ភាសាវិទ្យា (Linguistic), ដំណើរការអត្ថបទ (Text Processing), ដំណើរការនិយាយ (Speech Process), ការរៀនម៉ាស៊ីន (Machine Learning), ការរៀនស៊ីជម្រៅ ដល់ដំណើរការរូបភាព (Deep Learning to Image Processing)។

លោកបណ្ឌិត សំ សិទ្ធិសេរី ជនបង្គោល ទទួលបន្ទុកកិច្ចការស្រាវជា្រវនិងនវានុវត្តន៍ឌីជីថល បាន លើកឡើងថា “ថ្នាក់ដឹកនាំបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគាំទ្រយ៉ាង ខ្លាំងក្នុងការរៀបចំ សិក្ខាសាលាខាងលើនេះ ជាពិសេសចំពោះគំនិត ផ្តួចផ្តើមនានា លើការស្រាវជ្រាវនិងអភិវឌ្ឍន៍ លើ បច្ចេកវិទ្យាភាសាខ្មែរ ក៏ដូចជា បច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ដើម្បីរួមគ្នាជំរុញ ការអភិវឌ្ឍ ធនធានស្រាវជ្រាវ និងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាធនធាន ចាំបាច់សម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។”

គោលបំណងចម្បងៗ នៃការៀបចំសន្និសីទនេះឡើងរួមមាន ការជំរុញអោយមានការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរឲ្យកាន់តែច្រើន, ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ, ការបង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗទាក់ទង នឹងការប្រើប្រាស់ភាសា ក្នុងប្រព័ន្ធកុំព្យូទ័រ ជាពិសេសភាសា ដែលមានលក្ខណះស្មុគស្មាញ (Complex Script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងមីយ៉ាន់ម៉ាជាដើម។

សម្រាប់ពត៍មានបន្ថែមសូមចូលទៅកាន់៖ https://ona.cadt.edu.kh

ទំនាក់ទំនង៖
ចូលទៅកាន់គេហទំព័រ http://cadt.edu.kh
ទំនាក់ទំនង pr@cadt.edu.kh
Facebook: http://bit.do/cadt-academy-fb
LinkedIn: http://bit.do/cadt-linkedin
Instagram: cadtofficial
t.me/cadt_official