រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” (Digital Skill Essential) ជូនមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ៥៥០នាក់ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញឌីជីថល និងការបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងបញ្រ្ជាបការយល់ដឹងបន្ថែមពីសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។

ថ្លែងក្នុងពីធីបើកកម្មវិធីបណ្តុះបណ្តាលក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលកំពុងតែវិវឌ្ឍន៍និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា តំបន់ និងសកលលោក។ ហេតុដូច្នេះ រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលម្នាក់ៗ ត្រូវត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចាប់យកកាលានុវត្តភាពថ្មីនៃបរិវត្តកម្មឌីជីថល ក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី (សេដ្ឋកិច្ចឌីជីថល) ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈតាមគន្លងថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការយកចិត្តទុកដាក់លើមន្ត្រីដែលមានក្រមសីលធម៌ វិជ្ជាជីវ: សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈខ្ពស់ តាមរយៈការរៀបចំយន្តការលើកទឹកចិត្តផ្សេងៗ ដូចជា ការផ្ដល់ការលើកទឹកចិត្តបន្ថែមលើកម្រិតចំណេះដឹង និងលទ្ធផលការងារ ព្រមទាំងការតែងតាំងជាដើម។