នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កម្មវិធីកម្ចី សិក្សាបច្ចេកវិទ្យាឌីជីថល រវាង បណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីព ភីអិលស៊ី” បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលនេះមានគោលបំណង៖ ទី១. ផ្ដល់ឱកាសដល់និស្សិតដែលមានជីវភាព ខ្វះខាតពុំមានលទ្ធភាពបង់ថ្លៃសិក្សា និងនិស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុអាចបន្ដការសិក្សា នៅកម្រិតឧត្តមសិក្សាបាន និងទី២. ជំរុញឱ្យមានកំណើននិស្សិតចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅ កសាងធនធានមនុស្សជំនាញឌីជីថលដែលមានសមត្ថភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាថ្ងៃអនាគត។

យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបាន លើកឡើងថាកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលនេះត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដើម្បីជួយសម្រួល ផ្នែកហិរញ្ញវត្ថុដល់ និស្សិតដែលមានជីវភាពខ្វះខាតអាចបន្ដការសិក្សាបានដោយផ្តល់លក្ខខណ្ឌអនុគ្រោះដូចខាងក្រោម៖

  1. និស្សិតដែលបានប្រឡងជាប់ចូលសិក្សានៅ CADT នឹងទទួលបានកម្ចីសិក្សាពីធនាគារហ្វីលីពក្នុងទំហំ រហូតដល់ទឹកប្រាក់ ៦០០០ (ប្រាំមួយពាន់) ដុល្លារអាម៉េរិក សម្រាប់មួយចប់បរិញ្ញាបត្រ
  2. និស្សិតដែលសិក្សានៅ CADT ហើយមានបំណងទទួលកម្ចីសិក្សានេះ គឺមិនចាំបាច់មានទ្រព្យបញ្ចាំ អ្វីឡើយ
  3. ក្នុងកំឡុងពេលសិក្សា CADT មិនតម្រូវឱ្យនិស្សិតសងប្រាក់ដើម និងការប្រាក់ឡើយ
  4. ផ្ដល់លទ្ធភាពដល់និស្សិតទូទាត់សងប្រាក់កម្ចីសិក្សាត្រឡប់មកវិញក្រោយពីបញ្ចប់ការសិក្សា និងនៅ ពេលទទួលបានការងារល្អ និងប្រាក់ខែសមរម្យ

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីពជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបាន បញ្ចប់ការសិក្សានៅ CADT នឹងទទួលបានការងារល្អៗ ប្រាក់ខែខ្ពស់ និងមានលទ្ធភាពគ្រប់គ្រាន់សងកម្ចី ត្រឡប់មកវិញ។ ក្នុងករណីដែល និស្សិតបញ្ចប់ការសិក្សាតែពុំមានសមត្ថភាពរកការងារធ្វើ CADT មិនតម្រូវឱ្យ និស្សិតសងកម្ចីត្រលប់មកវិញឡើយដោយ CADT នឹងទទួលខុសត្រូវលើកម្ចីជំនួសនិស្សិតវិញ។ នេះសបញ្ជាក់ ឱ្យឃើញថា CADT ពិតជាបានប្ដេជ្ញាចិត្តដ៏មោះមុតក្នុងការផ្ដល់គុណភាពសិក្សាខ្ពស់បំផុតលើផ្នែកបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា។

កម្មវិធីកម្ចីសិក្សានេះផ្ដល់ជូនដល់និស្សិតដែលបានប្រឡងជាប់ចូលមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រលើបីមុខជំនាញរួមមាន៖ (១)វិទ្យាសាស្រ្តកុំព្យូទ័រ (២)ទូរគមនាគមន៍និងបណ្ដាញ និង(៣)ពាណិជ្ជកម្មអេឡិចត្រូនិក។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីពមានប្រសាសន៍ថា “ធនាគារហ្វីលីព មានបំណងចូលរួមចំណែកអភិវឌ្ឍ ធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលព្រោះថាកម្ពុជានៅមានកង្វះខាតអ្នកជំនាញក្នុងវិស័យនេះ ហើយសព្វថ្ងៃ អ្នកមានជំនាញនេះគឺទទួលបានប្រាក់ខែខ្ពស់” ។

ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្រ្ដី ជា វ៉ាន់ដេត មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រ យ៉ាងខ្លាំងលើកម្មវិធីកម្ចីសិក្សានេះ ព្រមទាំងលើកទឹកចិត្តលើយុវជន យុវនារីយើង ពិចារណាចាប់យកការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាព របស់ខ្លួនក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានកោតសរសើរយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ CADT និងធនាគារ ហ្វីលីពដែលបានសហការគ្នា និងបានក្លាយជាដៃគូរយុទ្ធសាស្រ្ដដ៏រឹងមាំមួយលើកម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យា ឌីជីថលនៅ CADT ដែលបានជំរុញឱ្យកម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលដ៏មានសារៈសំខាន់នេះកើតឡើង ហើយក្លាយជាកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល ដំបូងគេបំផុតនៅកម្ពុជាព្រមទាំងមានលក្ខខណ្ឌអនុគ្រោះច្រើនបែបនេះ ដល់និស្សិត។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តយុវជន យុវនារីឱ្យចុះឈ្មោះចូលសិក្សា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺជាគ្រឹះស្ថានអប់រំស្រាវជ្រាវ សាធារណៈឈានមុនគេលើជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានបេសកកម្មផ្ដល់ការអប់រំបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ក្នុងនោះដែរ វិទ្យស្ថានបច្ចេកវិទ្យាឌីជីថល គឺជាសេនាធិការទទួលបន្ទុកបណ្តុះបណ្តាលអប់រំនិស្សិតលើជំនាញ វិស្វកម្មឌីជីថល និងធុរកិច្ចឌីជីថល ដែលបច្ចុប្បន្នកំពុងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើជំនាញ ទូរគមនាគមន៍និងបណ្តាញ វិទ្យាសាស្រ្តកុំព្យូទ័រ និងពាណិជ្ជកម្មអេឡិចត្រូនិក។

(ព័ត៌មានដើមពីគេហទំព័រ ខេមបូណូមីស)

ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាតាមរយៈ៖

  • លេខទូរសព្ទ ៖ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧
  • ដាក់ពាក្យ online ៖ reg.cadt.edu.kh/register
  • អ៊ីម៉ែល ៖ admission@cadt.edu.kh
  • គេហទំព័រ ៖ www.cadt.edu.kh
  • ហ្វេសប៊ុក ៖ fb.com/CADT.Academy
  • តេឡេក្រាម ៖ t.me/CADT_Official
  • អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ